ខេត្តប៉ៃលិន ៖ លោក នួន ប៊ុនថុល ប្រធានវាល នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី ខេត្តប៉ៃលិន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការវាស់វែងដីធ្លីទូទាំងខេត្ត កំពុងទទួលរងការចោទប្រកាន់ពីស្ត្រីចាស់ជរាពិការអង្គុយលើរទេះរុញម្នាក់ ថាបានយកតួនាទីដ៏សំខាន់មួយនេះទៅបោកលើទំនុកចិត្តរបស់លោកយាយអស់ប្រាក់ទឹកចំនួន ៤.០០០$(បួនពាន់ដុល្លារ)ដោយធានារត់ការឯកសារប្លង់ដីមួយកន្លែងដែលស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីថ្ងៃទី 12 ខែ 6 ឆ្នាំ 2025 កន្លងទៅ។
លោកយាយចាស់ជរាដែលអង្គុយលើរទេះរុញពិការដោយមានអ្នកគ្រាដើរទៅមុខស្ទើរតែពុំរួចបានអះអាងថាខ្លួនជាជនរងគ្រោះឈ្មោះតែមុយមីងអាយុ 71 ឆ្នាំបាននិយាយយ៉ាងអួលដើម ក៏នៅព្រឹកថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2026 នេះដោយលើកដៃសំពះអំពាវនាវដល់លោកជំទាវបាន ស្រីមុំអភិបាលខេត្តប៉ៃលិនជាពិសេសឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលជាក្រសួងសាម៉ី មេត្តាជួយពិនិត្យមើលលើលោកនួន ប៊ុនថុលដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងមន្ទីរសូរិយោដីខេត្តប៉ៃលិន ដែលកំពុងពាក់អាវមន្ត្រីជំនាញទៅបោកលើទំនុកចិត្តរបស់លោកយាយ ក្នុងការធានារត់ឯកសារប្លង់ដី ដោយយកថ្លៃសេវាចំនួន៤.០០០ $(បួនពាន់ដុល្លារ )យកទៅចាយវាយយ៉ាងរំភើយនិងពុំបានរត់ការឯកសារជូនរូបគាត់តាមការសន្យាឡើយ។
មតិពលរដ្ឋដែលរស់នៅជុំវិញខេត្តប៉ៃលិនបានសណ្ដែកការខកចិត្តចំពោះមន្ត្រីជំនាញដែលស៊ីប្រាក់ខែរាស្ត្របែរជាមានចិត្តទុច្ចរិតបោកលើទំនុកចិត្តពលរដ្ឋយ៉ាងដូច្នេះតើឲ្យពួកគាត់រំពឹងអ្វី ដោយពួកគាត់លើកឡើងថា លោកនួនប៊ុនថុលជាប្រធានវាល និងមានតួនាទីយ៉ាងសំខាន់ក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនបើមន្ត្រីរូបនេះមានចិត្តមិនស្មោះត្រង់ ប្រាកដណាស់និងមានពលរដ្ឋផ្សេងរងគ្រោះជាបន្តបន្ទាប់ជាក់ជាមិនខាន។មតិរិះគន់បានបន្ថែមថាលោកនួន ប៑ុនថុលតែម្នាក់ឯងដើរតួនាទីរហូតដល់ទៅពីរ ពោលគឺខ្លួនមួយជិះទូកពីរ ទូកមួយដើរតួជាមន្ត្រីជំនាញសូរិយោដី ឯទូកមួយទៀតដើរតួជាអ្នករត់ការឯកសារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីធ្វើជាមុខរបររកស៊ីផ្ទាល់ខ្លួនទៅវិញ។
បើទោះបីយ៉ាងនេះក្តីលោកនួន ប៊ុនថុលប្រធានវាល នៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តប៉ៃលិន បានឲ្យក្រុមការងារយើងដឹងកាលពីម្សិលមិញថា លោកទទួលស្គាល់ថាលោកពិតជាបានទទួលលុយពីឈ្មោះតែ មុយងីងដើម្បីរត់ការឯកសារប្លង់ដីពិតប្រាកដមែន ក៏ប៉ុន្តែលោកបានរត់ការតាំងថ្នាក់ភូមិឃុំស្រុកអស់ហើយរហូតដល់មន្ទីរតែពុំបានសម្រេចដោយសារប្លង់របស់ឈ្មោះតែមុយងីងជាប់ក្នុងបន្ទុកបញ្ចាំឯកជន។ទើបលោករត់ការមិនចេញ។ហើយម្ចាស់ដីក៏យកឯកសារនោះទៅរត់ការខ្លួនឯងផ្ទាល់វិញរីឯលុយដែលលោកទទួលបានក្នុងការរត់ការនោះលោកទំ នោដែលជាភាគីអ្នកទិញដីបានទូទាត់និងប្រគល់ជូនគាត់វិញអស់ហើយ។លោកបន្តថាបើមិនជឿលោកនឹងឲ្យឈ្មោះទំនោដែលជាភាគីអ្នកទិញដីទូរសព្ទមកក្រុមការងារអង្គភាពសារព័ត៌មានដើម្បីបញ្ជាក់ការងារនេះ។ ក៏ប៉ុន្តែរហូតមកដល់ម៉ោងចេញផ្សាយនេះហើយ អង្គភាពសារព័ត៌មានយើងពុំទាន់បានទទួលការបញ្ជាក់និងព័ត៌មានបន្ថែមអំពីបញ្ហាខាងលើនេះនៅឡើយទេ។
អង្គភាពសារព័ត៌មានយើងកំពុងស្រាវជ្រាវរកព័ត៌មានបន្ថែមជុំវិញការទិញលក់ដីខាងលើដែលមានភាពមិនប្រក្រតីដែលភាគីអ្នកលក់ឈ្មោះតែ មុយងីងបានអះអាងខ្លួនកំពុងរងគ្រោះយ៉ាងអយុត្តិធម៌ តែករណីនេះអង្គភាពយើងមិនទាន់យកមកយកចុះផ្សាយនៅឡើយទេ ក្រុមការងារយើងកំពុងធ្វើការស៊ើបអង្កេតដើម្បីរកព័ត៌មានបន្ថែមនិងធ្វើការចុះផ្សាយនៅលេខបន្ទាប់។
គួររំលឹកថាសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីសម្ដេចនៅកាន់អំណាចធ្លាប់ព្រមាននិងលើកឡើងថាមន្ត្រីគឺជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់មិនមែនជាចៅហ្វាយនាយឡើយ ហើយអនុសាសន៍ដ៏ថ្លៃថ្លានេះត្រូវបានមន្ត្រីមួយចំនួនធំយកទៅអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋយ៉ាងកក់ក្តៅ។តែដោយឡែកលោកនួនប៊ុនថុលបែរជាអនុវត្តផ្ទុយដោយពាក់អាវមន្ត្រីដ៏ស្អាតស្អំនិងយកតួនាទីដ៏សំខាន់របស់ខ្លួនទៅបោកលើទំនុកចិត្តពលរដ្ឋទៅវិញ នៅមានលេខផ្សាយបន្តនៅវគ្គក្រោយ៕



