(ឧត្តរមានជ័យ)៖លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងលោក តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តប្រាសាទរាជាសំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនេះដែរ លោក អ៊ុំ ចាន់ថុល និងលោក តូច សុភក្តី ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញអុជទៀនធូប បូជាគន្ធពិដោរ និងថ្វាយបង្គំព្រះពុទ្ធបដិមា ព្រមទាំងព្រះសង្ឃ និងសមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូដែល ព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញ្ញាណ ដោយមានព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទទាំងអស់ បានគោរពប្រតិបត្តិព្រមទាំងឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ជាពិសេស គឺដល់ វីរកងទ័ពការពារនៅតាមព្រំដែន ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ ជាថ្ងៃឆ្លងវេនបិណ្ឌទី៤ លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងលោក តូច សុភក្តី ព្រះរាជអាជ្ញា និងមន្ត្រីរាជការ ប្រារព្ធនូវកិច្ចនមស្ការ សមាទានសីល រាប់បាត្រដល់ព្រះសង្ឃ និងវេរ-ភត្តាហារ ជាកិច្ចឆ្លងវេនបិណ្ឌទី៤។
សូមបញ្ជាក់ថា៖ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១ រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជនដែលបានចែកឋានរំលាយខន្ធហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

