ប្រធាន​មណ្ឌល​កែប្រែ​ជាតិ ព្យាបាល​និង​ស្ដារនីតិសម្បទា ​អ្នកញៀន​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​រង​ការ​ចោទ​ពី​ស្ត្រី​ម្នាក់​រឿង​គៀប​ទារ​ប្រាក់​រាប់ពាន់​ដុល្លារ​ជា​ថ្នូរ​នៃ​ការដោះលែង​កូនស្រី​គាត់​ដែល​កំពុង​ជាប់​ឃុំឃាំង​អោយមាន​សេ​រី​ភាព​ឡើងវិញ​

(​ខេត្ត​ព្រះសីហនុ​)​ធំក្លិន​មិន​ល្អ​ចេញពី​មណ្ឌល​កែប្រែ​ជាតិ ព្យាបាល និង​ស្ដារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​ការចោទប្រកាន់ ពី​ស្ត្រី​ម្នាក់​ដែល​មាន​កូន​ជា​អ្នក​ញៀន​ថ្នាំ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​មណ្ឌល​កែប្រែ​មួយ​នេះ ថា​បាន​ទាមទារ​ប្រាក់​ពី​គាត់​ចំនួន​ពី 3500​ដុល្លា​ទៅ​3600 ដុល្លារ ជា​ថ្នូរ​នៃ​ការដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ និង​បន្ត​គៀបសង្កត់​គ្រប់បែបយ៉ាង ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ទៅលើ​កូន​របស់​អ្នកស្រី ដែល​កំពុង​ជាប់​ឃុំឃាំង ដើម្បី​ឲ្យ​យក​លុយ​ទៅ​លស់​កូន​មកវិញ​។​

​បើ​យោង​តាម​ឃ្លីប​វីដេអូ និង​សារ​សំឡេង​របស់​ស្ត្រី​ម្នាក់ ដែល​អះអាង​ថា​ខ្លួន ឈ្មោះ តាំង ស៊ីថា និង​មាន ប្ដី​ឈ្មោះ ​ម៉ែន ធា មាន​ទីលំនៅ​ក្នុង ភូមិ​ព្រិច ឃុំ​បឹង​និមល​ស្រុក​ឈូក ខេត្ត​កំពត បាន​ផ្ញើ​មក​កាន់​អង្គភាព​យើង ជា​បន្តបន្ទាប់ និង​ថ្ងៃ​ចុងក្រោយ នៅ​ថ្ងៃ​ទី​21 ខែតុលា​ឆ្នាំ 2026 តាមរ​យៈផេក​ផ្លូវការ​HVNN TV Online ដោយ​បាន​រៀបរាប់ ទុក្ខសោក​វេទនា ដែល​អ្នកស្រី​កំពុង​ទទួល​រង ផល​លំបាក​នាពេល​បច្ចុប្បន្ន ដោយសារ​កូនស្រី​បង្កើត​របស់​អ្នកស្រី​ជាប់​ឃុំ​នៅ​មណ្ឌល​បន្សា​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ និង​ទទូច ស្នើ​មក​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ឲ្យជួយ​ផ្សព្វផ្សាយ​ទាំង​ភាព​ក្ដុកក្ដួល ក្នុង​អារម្មណ៍​ថប់​ណែន​លាយឡំ​និង​សំឡេង​ចៅ​យំ​ពីរ​ក្រោយ​ផង​នោះ បាន​រៀបរាប់​ថា នា​ពេល​កន្លងមក​លោក​ស្រី មាន​កូនស្រី​ម្នាក់​ឈ្មោះ ផុន រចនា ដើរលេង​ភ្លើតភ្លើន​ជ្រុល​ខ្លួន ជាមួយ​ក្រុម​ញៀន​ថ្នាំ ដោយ​បន្សល់​កូន​តូច​អាយុ​ជាង​១០​ខែ ត្រូវជា​ចៅប្រុស ទុកឱ្យ​គាត់​មើលថែ ដោយ​គ្មាន​ជម្រើស លោកស្រី​បាន​ទៅ​រាយការណ៍​ជូន​ប៉ូលីស ដើម្បី​ឲ្យមាន​វិធានការ​ជួយ​សង្គ្រោះ ក្រោយមក​កូន​អ្នកស្រី ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​មណ្ឌល​ជាតិ ព្យាបាល និង​ស្ដារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន ស្ថិតនៅក្នុង​ភូមិ រិទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។

​អ្នកស្រី តាំង សុីថា បាន​បន្តទៀតថា អ្នកស្រី​ពិតជា​អរគុណ ដល់​សមត្ថកិច្ច និង​ប្រធាន​មណ្ឌល​កែប្រែ ខ្លាំងណាស់ ដែល​បាន ជួយ​កូនស្រី​គាត់ ឲ្យ​ជៀសផុត​ពី​ការ​ញៀន​ថ្នាំ មក​ធ្វើ​ជា​មនុស្ស​ត្រឹមត្រូវ​វិញ​។ ក៏​ប៉ុន្តែ​ក្រោយមក ដោយ​នឹកឃើញ​ថា កូនស្រី​ដែល​កំពុង​ជាប់​ឃុំឃាំង បាន​សារភាព​ទទួលស្គាល់​កំហុស និង​សន្យា​ជាមួយ​គាត់ ជា​ម្ដាយ​ថា រូប​គេ​ឈប់​ប្រព្រឹត្ត​ប្រើប្រាស់​គ្រឿងញៀន​បន្ត​ទៀត​ហើយ​.! ដោយ​សុំ​មក​ផ្ទះ​វិញ ដើម្បី​មើលថែ​កូន​តូច​ដែល​នៅ​បៅ​ទឹកដោះគោ​និង​ជួបជុំ​ប្ដី​ឡើងវិញ ។​

​អ្នកស្រី​បាន​បន្ថែមថា ក្នុង​អំឡុង​ខែ 7​ឆ្នាំ 2026​ពោល​គឺ​កូន​អ្នកស្រី​ជាប់​ឃុំឃាំង​បាន​រយៈពេល ជាង​ពីរ​ខែ អ្នកស្រី​បាន​ជួប​បុរស​ម្នាក់ ជា​មន្ត្រី​មណ្ឌល​កែប្រែ​ដែលមាន​រាង​ធាត់ សម្បុរ​ខ្មៅ កម្ពស់​សមល្មម មិន​ស្គាល់​ឈ្មោះ ដែលជា​អ្នក​កាន់​សោ​បើកទ្វារ ចេញចូល​មណ្ឌល ដោយ​គេ​បាន​អះអាង​ថា​រូបគេ​គឺជា​មនុស្ស​ជំនិត​របស់​លោក​ម៉ូ​វ ប៊ុនធឿន​ប្រធាន​មណ្ឌល​ជាតិ ព្យាបាល​និង​ស្ដារនីតិសម្បទា​អ្នកមាន​គ្រឿងញៀន នៅក្នុង​ឱកាស​នោះ អ្នកស្រី​ក៏​ស្នើសុំ​ជួប និង​ចង់​ដឹង​ពី​ព័ត៌មាន ដើម្បី​ចង់ឲ្យ​កូន​មាន​សេរីភាព​វិញ ដោយ​ក្នុង​ជំនួប​នោះ​ត្រូវបាន​គេ​ដាក់​លក្ខខណ្ឌ ឲ្យ​ដក​ទូរ​សព្ទ​ចេញពី​ខ្លួន ទាំងអស់​។​.​នៅក្នុង​ជំនួប​ដ៏​អាក្រក់​នោះ អ្នកស្រី​នឹកស្មាន​មិន​ដល់​សោះ​ថា តម្លៃ​សិរី​ភាព កូនស្រី​របស់​គាត់ ត្រូវបាន គេ​ទាមទា​ររ​លុយ​ហូត​ចំនូ​ន 3500 ដុល្លារ ជា​ថ្នូរ នៃ​ការដោះលែង និង​មួយ​ខែ​ក្រោយ​មក ក៏​បន្ត​ឡើងថ្លៃ​3,600 ដុល្លារ ដូច​នៅ​ក្នង​រឿង​សុវណ្ណ​ដូងខ្ចី ចាប៉ីដងវែង បន្ទាប់ពី​រូប​គាត់​បាន​តថ្លៃ សុំ​អោយ​ត្រឹម​មួយ​ពាន់ 1600 ដុល្លារ (​ពោល​គឺ​តថ្លៃ​មួយ​ម៉ាត់​ឡើង 100 ដុល្លារ​)​។​

​មតិ​រិះគន់​បាន​លើកឡើង​ថា បើ​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការចាកចេញ​ពី​មណ្ឌល​កែប្រែ ឬ​មណ្ឌល​ស្តារនីតិសម្បទា (​មណ្ឌល​អប់រំ​កែប្រែ​អ្នក​ញៀន​ថ្នាំ​) គឺ​មិន​មាន​ការតម្រូវ​ឱ្យ​បង់​ប្រាក់​នោះ​ឡើយ​។​

​គ្មាន​កម្រៃ​ផ្លូវការ​៖ ការអនុវត្ត​ទោស ឬ​ការទទួល​បាន​ការស្តារ នីតិសម្បទា នៅក្នុង​មណ្ឌល​កែប្រែ​របស់​រដ្ឋ គឺជា​វិធានការ​ផ្លូវច្បាប់ និង​ជា​សេវាសាធារណៈ​។ នៅពេល​ដែល​អ្នកទោស​/​អ្នក​ញៀន​ថ្នាំ បាន​អនុវត្ត​ទោស​ចប់សព្វគ្រប់ ឬ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចាកចេញ​តាម​ផ្លូវច្បាប់ រដ្ឋ​មិន​មាន​គោលការណ៍ ឬ​ច្បាប់​ណាមួយ តម្រូវឱ្យ​បង់​ប្រាក់​ដើម​។​
​ករណី​លើកលែង (​ទោស​ពិន័យ​ជា​ប្រាក់​)៖ ប្រសិនបើ​សាលក្រម​/​សាលដីកា​របស់​តុលាការ មានកំណត់​ទោស​បន្ថែម​ជា “​ទោស​ពិន័យ​ជា​ប្រាក់​” ឬ​តម្រូវឱ្យ “​សងជំងឺចិត្ត​” ទៅ​ដើមបណ្តឹង រដ្ឋប្បវេណី អ្នកពាក់ព័ន្ធ​ត្រូវ​បង់​ប្រាក់​ទាំងនោះ ចូល​ថវិការដ្ឋ ឬ​ជូន​ជនរងគ្រោះ​តាម​នីតិវិធី​តុលាការ (​មិនមែន​ជា​ការបង់ថ្លៃ​សេវា​ចាកចេញ​ទៅ​មណ្ឌល​កែប្រែ​នោះទេ​)​។​
​តែ​ប្រសិនបើ​មាន​បុគ្គល ឬ​មន្ត្រី​ណាមួយ​ទារ​ប្រាក់​សម្រាប់​ការដោះលែង ឬ​ការ​ចេញ​ពី​មណ្ឌល​កែប្រែ ដែល​ខុស​ពី​សាលក្រម​តុលាការ នោះ​គឺជា​អំពើ​ខុសច្បាប់ (​អំពើពុករលួយ​) មហាជន​មាន​ឆ្ងល់​ថា មូលហេតុ​អ្វី​មន្ត្រី​ទាំងនោះ​ហាមាត់​ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជា​ថ្នូរ និង​ការដោះលែង ចំនួន 3.600 ដុល្លារ តាម​ទំនើងចិត្ត​ហាក់បីដូច​មិន​ខ្លាច និង​ទុក​ច្បាប់​នៅក្នុង​ចិត្ត​បន្តិច​សោះឡើយ​។​

​ជា​ចុងក្រោយ​អ្នកស្រី តាំង ស៊ីថា ដែល​ត្រូវជា​ម្ដាយ របស់​ស្ត្រី​ឈ្មោះ ផុន រចនា​ដែល​កំពុង ជាប់​ឃុំឃាំង នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ជាពិសេស លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការ​នគរបាល ខេត្ត​សីហនុ និង​ឯកឧត្ត ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ជួយ​អន្តរាគមន៍ ឱ្យទាន់​ពេលវេលា​ផង ព្រោះ​រូប​អ្នកស្រី​កំពុង​ជួប​ទុក្ខ​ធំ ។​បច្ចុប្បន្ន​ប្រឈម​ទៅ​នឹង​ជីវភាព យ៉ាងធ្ងន់ធ្ងរ ព្រោះ​អ្នកស្រី​ពុំមាន​លទ្ធភាព ចិញ្ចឹម​ចៅ​ដែល​កំពុង​បំបៅ​ទឹកដោះគោ​នោះឡើយ ហើយ​មាន​ពេលខ្លះ​អ្នកស្រី​បង្ខំចិត្ត​យក​ទឹក​បបរ​ជំនួស​ធ្វើ​ជា​ទឹកដោះគោ​វិញ​មូលហេតុ​នេះ​ធ្វើ​ឲ្យ​ចៅប្រុស​របស់​អ្នកស្រី​ប្រឈម​ទៅ​នឹង​សុខភាព​មាន​ពេលខ្លះ​មាន​ជម្ងឺរាគ​និង​ក្តៅខ្លួន​ផង​ក៏​មាន​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៦ លោក​.​ម៉ូ​វ ប៊ុន ធឿន​.​ប្រធាន​មណ្ឌល​
​កែប្រែ​ជាតិ ព្យាបាល​និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​អង្គភាព​សារព័ត៌មាន​យើង​ដឹង​តាម​ទូរ​សព្ទ​ថា​ករណី​អ្នកស្រី​តាំង ស៊ីថា​ដែល​មាន​កូនស្រី​ឈ្មោះ​ផុន​រចនា​ដែល​កំពុង​ជាប់​ឃុំឃាំង​ដើម្បី​បន្សាប​គ្រឿងញៀន​នោះ គឺ​លោក​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​របស់​មណ្ឌល​ពោលគឺ​អ្នក​ដែល​ត្រូវ​ព្យាបាល​ត្រូវ​ប្រើ​រយៈពេល​យ៉ាងតិច​ពី 6 ខែ​ទៅ 2 ឆ្នាំ​ចំណែក​កូន​អ្នកស្រី​តាំង​ស៊ី​ថា​ទើបតែ​ជាប់​រយៈពេល 2 ខែ​ជាង​គាត់​មក​ស្នើសុំ​យក​ទៅ​វិញ​គឺ​ខុស​នីតិវិធី​រីឯ​ចំណុច​ទី 2 ដែល​ចោទថា​ក្រុម​ការងារ​លោក​បាន​ទាមទា​រ​ប្រាក់ 3600 ដុល្លារ​នោះ​មិនមែន​ជា​ការ​ពិត​ឡើយ​។​ទោះបីជា​មាន​ការបកស្រាយ​និង​បដិសេធ​យ៉ាងនេះ​ក្តី​អ្នកស្រី​តាំង សុីថា​បាន​អះអាង​ថា​អ្នកស្រី​ហ៊ាន​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​និង​ហ៊ាន​តទល់​ចំពោះ​បុគ្គល​ដែល​ទារលុយ​គាត់​មាន​ពេល​កន្លង​ទៅ​។​

​ចំណែក លោក​ឧត្តមសេនីយ៍ឯកស រដ្ឋា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ក្រុម​ការងារ​យើង​បាន​ធ្វើ​ការទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​ក៏ប៉ុន្តែ​ខ​ល​ចូល​មិនមាន​អ្នកទទួល​។​
​ដោយឡែក​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​
​អង្គភាព​យើង​អង្គរ​មិនអាច​សុំ​សេចក្តី​អត្ថាធិប្បាយ​បានដែរ​។​ដោយ​យើង​ព្យាយាម​ខ​ល​ទូរ​សព្ទ​ចំនួន​ពីរដង​តែ​មិន​មាន​អ្នកទទួល​៕

​រឿងរ៉ាវ​ខាងលើ វាបី​ដូចជា​ពាក្យចាស់​លោក​ពោលថា​(​ប្រុស​ប្រកែក​ស្រី​ប្រកាន់​)​ត្រង់​ថា​ពិត​ឬ​មិន​ពិត​នោះ​ពលរដ្ឋ​អ្នកឃ្លាំមើល​ស្នើ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​អាជ្ញាធរខេត្ត​គ្រប់​ជាន់ថ្នាក់​មេត្តា​ចុះ​ធ្វើ​អធិការកិច្ច​ស្រាវជ្រាវ​ទៅលើ​ភាពមិនប្រក្រតី​ខាងលើ​ដើម្បី​ស្វែងរក​ការពិត​ផង​ចុះ​ទាន​។​

​អង្គភាព​យើង​នៅតែ​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​ភាគ​គី​ពាក់ព័ន្ធ​រៀងរ​ម៉ោង​ធ្វើការ​តាម​របប ស្ដី​អំពី​ច្បាប់​សារព៌តមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *