គ្រួសារ​កងកម្លាំង​ពលី​ត្រូវបាន​លោក​ជំទាវ កែ សួន​សុ​ភី ស សុខា ចូលរួម​រំលែក​ទុក្ខ​ជា ថវិកា និង​គ្រឿងឧបភោគ​បរិភោគ

(​បន្ទាយមានជ័យ​): លោកស្រី ប៉ាន ណាវី នៅ​រសៀល​ថ្ងៃ​ទី ២៦ ខែ​ធ្នូ​ឆ្នាំ ២០២៥​បាន​នាំយក ថវិកា គ្រឿងឧបភោគ​បរិភោគ ដែល​ជា​ការរំលែក​ទុក្ខ​របស់ លោកជំទាវ កែ សួន​សុ​ភី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចូលរួម​ពិធី​បុណ្យសព របស់​វីរ​កងទ័ព ចំនួន​៦​រូប ក្នុង​នោះ​កម្លាំង​នគរបាលជាតិ​ចំនួន​២​រូប ដែល​បាន​ពលី​នៅក្នុង​សមរភូមិ​ការពារ​ទឹកដី​ពីស​ត្រូវ​ថៃ​ឈ្លានពាន ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ។​

​នេះ​គឺជា​ការសោកស្តាយ​ជាទី​បំផុត​មួយ​សម្រាប់​ប្រទេសជាតិ និង​ក្រុមគ្រួសារ​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នូវ​វីរ​កងទ័ព ធនធានមនុស្ស ជា​ស្វាមី ជា​ឪពុក និង​ជា​បង ជា​ប្អូន ដែល​បាន​ពលី​ជីវិត​ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​សត្រូវ​ថៃ​ឈ្លានពាន​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ក្នុង​ទឹកចិត្ត​សោកសៅ​ជា​ពន់ពេក លោកស្រី ប៉ាន ណាវី បាន​អញ្ជើញ​ចូលរួម​បុណ្យសព ដោយ​ផ្ទាល់​នៅ​វត្ត​គី​រី​ជុំ​ចំការ​ខ្នុរ ស្ថិតក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​លោកស្រី ប៉ាន ណាវី ថែមទាំង​បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី លោកជំទាវ កែ សួន​សុ​ភី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ផងដែរ​៕

(ដោយ លោក នៅ ណារិទ្ធិ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *