(បន្ទាយមានជ័យ): លោកស្រី ប៉ាន ណាវី នៅរសៀលថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២៥បាននាំយក ថវិកា គ្រឿងឧបភោគបរិភោគ ដែលជាការរំលែកទុក្ខរបស់ លោកជំទាវ កែ សួនសុភី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមពិធីបុណ្យសព របស់វីរកងទ័ព ចំនួន៦រូប ក្នុងនោះកម្លាំងនគរបាលជាតិចំនួន២រូប ដែលបានពលីនៅក្នុងសមរភូមិការពារទឹកដីពីសត្រូវថៃឈ្លានពាន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
នេះគឺជាការសោកស្តាយជាទីបំផុតមួយសម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធជាមួយសត្រូវថៃឈ្លានពានកាលពីពេលថ្មីៗនេះ។
ក្នុងទឹកចិត្តសោកសៅជាពន់ពេក លោកស្រី ប៉ាន ណាវី បានអញ្ជើញចូលរួមបុណ្យសព ដោយផ្ទាល់នៅវត្តគីរីជុំចំការខ្នុរ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកស្រី ប៉ាន ណាវី ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី លោកជំទាវ កែ សួនសុភី ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ក្រុមគ្រួសារនៃសពផងដែរ៕
(ដោយ លោក នៅ ណារិទ្ធិ)

