នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤ នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស ដោយ​មាន​ការចាត់តាំង (​ដើរ​រៃ​អង្គាស​ប្រាក់​តាម​ភូមិ​)

​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប ព្រមទាំង​មាន​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កិច្ចសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៦ និង ៣០ នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ករណី​មាន​មនុស្ស​ចំនួន ០៣ នាក់ ជិះ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង ដើរ​រៃ​អង្គាស​ប្រាក់​តាម​ភូមិ រហូតមក​ដល់​ឃុំ​ស្នួល ដោយ​គ្មាន​ព្រះសង្ឃ​រួម​ដំណើរ​ជាមួយ ដែល​មាន​លក្ខណៈ​គួរ​ឱ្យ​សង្ស័យ ភ្លាមនោះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ និង​បាន​នាំខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​។​

​ជនសង្ស័យ​ទាំង ០៣ នាក់ រួមមាន​៖

១- ឈ្មោះ ប៊ុង នី ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប (​ប្រវត្តិ​ទោស​ពីមុន​៖ គ្មាន​)​។​

២- ឈ្មោះ ថេត រ៉ា​ម៉ាន (​ហៅ រុន​) ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អា​រ៉ាល់​ស្វាយ សង្កាត់​អង្គរធំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ប្រវត្តិ​ទោស​ពីមុន​៖ គ្មាន​)​។​

៣- ឈ្មោះ ឈិញ ម៉ៅ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អញ្ចាញ សង្កាត់​អង្គរធំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ប្រវត្តិ​ទោស​ពីមុន​៖ គ្មាន​)​។​

​នៅ​ចំពោះមុខ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ជនសង្ស័យ​ទាំង ០៣ នាក់​បាន​ឆ្លើយ​ស្របគ្នា​ថា ពួកគេ​ពិតជា​បាន​នាំគ្នា​ដើរ​ឆបោក​ប្រជាពលរដ្ឋ​តាម​រូបភាព​រៃ​អង្គាស​ប្រាក់​តា​ម​ភូមិ អស់​រយៈពេល​ជិត ០១ ឆ្នាំ​មកហើយ​។ សកម្មភាព​នេះ​ធ្វើឡើង​តាម​ការបញ្ជា​របស់​ឈ្មោះ ពេជ្រ ប៊ុន​ថា ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ដែលជា​អ្នក​រៀបចំ​កាត​សម្គាល់​ខ្លួន និង​លិខិត​ស្នើ​សុំ​កសាង​វត្ត​អារាម​ផ្សេងៗ​ក្លែងក្លាយ ដើម្បី​ឱ្យ​ពួកគេ​យក​តាម​ខ្លួន​ក្នុង​ពេល​ដើរ​រៃ​អង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ ឈ្មោះ ពេជ្រ ប៊ុន​ថា បានកំណត់​ឱ្យ​ពួកគេ​ប្រគល់​ប្រាក់​ដែល​រៃអង្គាស​បាន​ក្នុង​មួយ​ថ្ងៃ​ចំនួន ១១០.០០០ រៀល (​ដប់​មួយ​ម៉ឺន​រៀល​) ហើយ​ប្រាក់​ដែល​នៅ​សល់​ពី​ចំនួន​នេះ អនុញ្ញាតឱ្យ​ពួកគេ​ចែកគ្នា​។ ដោយសារ​ការ​លួងលោម និង​ការរៀបចំ​របស់​ឈ្មោះ ពេជ្រ ប៊ុន​ថា ជនសង្ស័យ​ទាំង ០៣ នាក់​បាន​ព្រមព្រៀង និង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដើរ​រៃ​អង្គាស​ប្រាក់​តាម​ភូមិ​ចាប់ពី​ដើម​ឆ្នាំ​២០២៦ មក ដោយ​ក្នុង​មួយថ្ងៃ​អាច​រៃ​អង្គាស​ប្រាក់​បាន​ប្រមាណ​ពី ២៥០.០០០ រៀល ទៅ ៣០០.០០០ រៀល​។ នៅ​ពេល​ល្ងាច ចន្លោះ​ពី​ម៉ោង ១៧ ដល់​ម៉ោង ១៨ ឈ្មោះ ពេជ្រ ប៊ុន​ថា តែងតែ​ទូរស័ព្ទ​មក​បញ្ជា​ឱ្យ​ពួកគេ​ផ្ទេរប្រាក់​ចំនួន ១១០.០០០ រៀល តាម​ការកំណត់​។​

​ជាក់ស្តែង នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៦ ឈ្មោះ ពេជ្រ ប៊ុន​ថា បាន​ទូរស័ព្ទ​បញ្ជា​ឱ្យ​ជនសង្ស័យ​ទាំង ០៣ នាក់​ចេញ​ធ្វើ​សកម្មភាព​ដើរ​ឆបោក​ប្រជាពលរដ្ឋ​តាម​រូបភាព​រៃអង្គាសប្រាក់​ជាថ្មី​ម្តងទៀត​។ ដោយ​ទទួលបាន​ការបញ្ជា ពួកគេ​បាន​ចេញដំណើរ​ពី​ក្រុង​សៀមរាប​នៅ​វេលា​ម៉ោង ០៨ និង ០០ នាទី​ព្រឹក ដោយ​ជិះ​រ៉ឺម៉ក​កង់​បី​ទៅធ្វើ​សកម្មភាព​រៃអង្គាសប្រាក់​តាម​ភូមិ​នានា រហូតមក​ដល់​ឃុំ​ស្នួល​នៅវេលា​ម៉ោង ១៦ និង ៣០ នាទី ខណៈពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់​សួរនាំ​តែម្តង​។​

​ចំណែក​ឯកសារ​ដែល​ពួកគេ​យក​តាម​ខ្លួន រួមមាន លិខិត​ស្នើ​សុំ​កសាង​វត្ត និង​លិខិត​កម្មវិធី​បុណ្យ​កឋិន ដែល​តាម​ចម្លើយសារភាព​របស់​ពួកគេ គឺជា​ឯកសារ​ដែល​ត្រូវបាន​រៀបចំ​ដោយ​ឈ្មោះ ពេជ្រ ប៊ុន​ថា សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ឆបោក​ប្រជាពលរដ្ឋ​។​

​យោងតាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង ០៣ នាក់​ខាងលើ នគរបាល​ជំនាញ​បាន​បន្ត​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត គឺ​ឈ្មោះ ពេជ្រ ប៊ុន​ថា ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ​ដើរ​រៃ​អង្គាស​ប្រាក់​ដោយ​ឆបោក​ប្រជាពលរដ្ឋ​តាម​ភូមិ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មី ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប (​ប្រវត្តិ​ទោស​ពីមុន​៖ គ្មាន​) មក​សាកសួរ​នាំ​បន្ថែម​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ពេជ្រ ប៊ុន​ថា បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ខុសច្បាប់ ដោយ​ដើរ​ឃោសនា និង​រៃអង្គាសប្រាក់​ពី​ប្រជាពលរដ្ឋ ព្រមទាំង​បាន​បង្កើត​ក្រុម​ការងារ​ដើម្បី​ធ្វើ​សកម្មភាព​រៃអង្គាសប្រាក់​ក្នុង​រូបភាព​ឆបោក​ប្រជាពលរដ្ឋ​ប្រាកដ​មែន​។ ខ្លួន​ក៏​បាន​ទទួលស្គាល់ថា ពិតជា​បាន​រៀបចំ​ឯកសារ​ខាងលើ ដើម្បី​ប្រគល់​ឱ្យ​ជនសង្ស័យ​ទាំង ០៣ នាក់​យក​ទៅ​ប្រើប្រាស់​ក្នុង​សកម្មភាព​ដើរ​រៃ​អង្គាស​ប្រាក់​តាម​ភូមិ​ប្រាកដ​មែន​។​

​វត្ថុតាង​ដែល​ដកហូត​បាន រួមមាន​៖

១- ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​កង់​បី ចំនួន ០១ គ្រឿង​។​
២- ប្រាក់​រៀល​ខ្មែរ សរុប​ចំនួន ១៣០.០០០ រៀល (​ដប់​បី​ម៉ឺន​រៀល​)​។​
៣- លិខិត​សម្គាល់​ខ្លួន​ឈ្មោះ ប៊ុន នី ដែល​ចេញ​ដោយ​ព្រះ​ចៅអធិការ​វត្ត ចំនួន ០១ ច្បាប់​។​
៤- លិខិត​អំពាវនាវ​ដែល​ចេញ​ដោយ​ព្រះ​ចៅអធិការ​វត្ត ចំនួន ០១​សន្លឹក​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *